EditText.setFocusable(false); EditText.setFocusableInTouchMode(false); ២៧- ហូបគ្រាន់តែរស់ - Vay Socheat

Header Ads

Tuesday, September 27, 2011

២៧- ហូបគ្រាន់តែរស់

ចង់ស្រួលហួសថ្នាក់     ចង់ធំហួសស័ក្តិ           អន្ទាក់លោកីយ៍

ល្មមសមវណ្ណៈ            មិនស្មគ្រ័បេតី              ចង់នេះឥតន័យ

កើតភ័យនាំរឿង។

ធ្វើនំឥតស្ករ                ផ្ទះឥតសសរ              សម្លឥតគ្រឿង

ច្រាំងចោតដីបាក់         ទឹករីងទូកកឿង           ផ្លែទុំព្រឿងៗ

បេះបាត់ព្រោះឃ្លាន។

ទុំក្រោយគេបេះ           ក្រហមក្រោយប្រេះ      កិលេសរុករាន

តាបសដាច់សីល         ជដិលដាច់ឈាន         តណ្ហាស្រេកឃ្លាន

បំពានឥតស្តាយ។

អ្នកមានអ្នកក្រ            ផ្ទះឈើផ្ទះថ្ម               បបរឬបាយ

ហូបតែមួយពោះ         រស់កំដរកាយ              គួរឱ្យសោកស្តាយ

ចំណាយឥតន័យ។

ជីវិតគ្រាំគ្រា                រស់រងវេទនា               ជរារាល់ថ្ងៃ

កិលេសរុំជាប់              កប់ធម៌ប្រពៃ               ឥតខ្លាចវិន័យ

ឆ្ពោះភ័យអាសន្ន។

ចិត្តមនុស្សឥតភ័ព្វ       មានមួយពុំស្កប់           មានដប់ពុំគ្រាន់

ចង់បានតែច្រើន          ចម្រើនបច្ចុប្បន្ន           ជួបទុក្ខភ័យស្លន់

បន់ខ្មោចអ្នកតា។

អ្នកមានសទ្ធា              ហូបចុកដូចគ្នា            បូជាសាសនា

ធ្វើបុណ្យដាក់បាត្រ      សង្វាតសិក្សា              តាមក្បួនតម្រា

បញ្ញាវាងវៃ។

តូចក៏គេរាប់                ធំក៏គេគាប់                 រាប់រកឥតភ័យ

យកធម៌ជាស្ពាន          ឈានតាមវិន័យ          ជួយអ្នកដទៃ

លៃឱ្យបានសុខ។

ទោះនៅទីណា            ព្រៃស្រែចម្ការ              ផ្សារឬភូមិស្រុក

អាចជួយដោះស្រាយ    ដូចម្តាយឪពុក            ក្លាហានចេញមុខ

រកសុខឱ្យកូន។

បច្ចុប្បន្នវាងវៃ             អនាគតមានន័យ         មិនភ័យស្រពោន

បរលោកទៅដល់         ផលមិនសាបសូន្យ       សីលទានជាក្បូន

ជូនដល់និព្វាន។

ដោយឧបាសក គុយសុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៥៣)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.