EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៧៣- រៀនរស់ជាមួយនឹងរៀងរ៉ាវ - Vay Socheat

Header Ads

Friday, September 27, 2013

៧៣- រៀនរស់ជាមួយនឹងរៀងរ៉ាវ

ធ្វើស្រែចម្ការរឿងបញ្ហាទឹក                    នៅពេលធ្វើសឹករឿងបញ្ហាបាយ

ចងកម្មពៀរគ្នារឿងទុក្ខវែងឆ្ងាយ             បញ្ហាទាំងឡាយជារឿងជីវិត ។

ស្គមធាត់ហត់នឿយជារឿងរូបកាយ         ភ័យព្រួយសប្បាយជារឿងផ្លូវចិត្ត

បន្លំឆបោកជារឿងទុច្ចរិត                       ជួយសង្គ្រោះពិតជារឿងបុណ្យទាន។

ឃោសនាដកដូររឿងនយោបាយ            ខ្វះខាតប្រាក់ចាយជារឿងធនធាន

ភ័យខ្លាចចោរប្លន់ជារឿងអ្នកមាន            ភ័យខ្លាចអត់ឃ្លានជារឿងអ្នកក្រ។

គ្រប់គ្រងក្រុមហ៊ុនជារឿងថៅកែ             រង់ចាំប្រាក់ខែជារឿងកម្មករ

រថយន្តលឿនយឺតរឿងអ្នកបើកបរ          រាស្ត្រអាក្រក់ល្អរឿងអ្នកដឹកនាំ។

អាបត្តិខុសត្រូវជារឿងវិន័យ                   បរមត្ថវែងខ្លីរឿងអភិធម្ម

វត្តឥតរបៀបរឿងអ្នករៀបចំ                   ប្រវត្តិឧត្តមជារឿងព្រះសូត្រ។

សួរមាត់សួរក រឿងពាក្យសម្តី                 ទូលពិតវែងខ្លីជារឿងយកគោត្ត

សុភាពរាបសាជារឿងស្លូតបូត                ឈ្លោះគ្នារហូតរឿងខ្វះមេត្តា។

គ្រប់គ្រងពលរដ្ឋជារឿងមន្ត្រី                  ប្រពន្ធផិតប្តីជារឿងតណ្ហា

បានគ្នាលួចលាក់រឿងឥតខាន់ស្លា           ឥតស្តាប់មេបារឿងចិត្តមានះ។

បញ្ហាមានក្រជារឿងទ្រព្យធន                ឈ្លោះប្តីប្រពន្ធជារឿងក្នុងផ្ទះ

ប្រកែកតវ៉ាជារឿងចង់ឈ្នះ                   ធ្វើស្រែលើរាស្ត្ររឿងកេងប្រវញ្ច។

បាត់បង់ព្រឹក្សាជារឿងមេព្រៃ                 បាត់បង់បក្សីរឿងព្រានប្រមាញ់

ស្វែងរកម្ហូបស្រស់ជារឿងចង់ឆ្ងាញ់         ងរង៉ក់ក្នក់ក្នាញ់រឿងស្រឡាញ់ស្អប់។
 
ល្បីល្បាញអាប់ឱនជារឿងកេរ្តិ៍ឈ្មោះ       មានស័ក្តិមានយសជារឿងគួរគាប់
 
ព្រាត់ប្រាសបែកបាក់ជារឿងអភ័ព្វ          បានមិនចេះស្កប់ជារឿងលោភលន់។
 
ការចិញ្ចឹមកូនរឿងម្តាយឪពុក                        ទទួលដាក់ទុកជារឿងប្រពន្ធ

មើលកូនបាត់ប្តីជារឿងទុក្ខធ្ងន់                ប្តីក្បត់ប្រពន្ធរឿងមានស្រីថ្មី។

ការធ្វើសង្គ្រាមជារឿងស្លាប់រស់               ការងារ ព ពោះជារឿងស្ត្រី

និពន្ធចងក្រងជារឿងកវី                        ប្រគំតន្ត្រីជារឿងអ្នកភ្លេង។

រឿងរ៉ាវទាំងអស់ជារឿងធម្មតា                រឿងដែលខ្លោចផ្សាគឺរឿងវង្វេង

កើតមកជាមនុស្សបុណ្យធំក្រៃលែង        មិនគួរវង្វេងធ្វើបាបខ្លួនឯង។

ប្រព្រឹត្តខុសឆ្គងលើអ្នកដទៃ                   បង្កភិតភ័យឱ្យគេចំបែង

បំពុលសង្គមឥតមានកោតក្រែង            លូក ល ប្រឡែងនឹងភ្លើងអវីចី។
 
ដោយឧបាសក  គុយ-សុធន


សៀវភៅវិធីរម្ងាប់សេចក្តីក្រោធទំព័រ ៥២)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.