EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៩៥- សូមពិចារណា - Vay Socheat

Header Ads

Friday, September 27, 2013

៩៥- សូមពិចារណា

ចំណង់ចង់បានសុខសាន្តមានភព្វ          ខំរក្សាទ្រព្យពុំធ្លាប់គិតថា

ចំណេះដឹងនិងសតិបញ្ញា                          ជាអ្នករក្សាឱ្យសុខស្ងប់ពិត។

គួរយកដើមឈើធ្វើជាតួយ៉ាង                  ជាគ្រឿងសំអាងទុកដាស់តឿនចិត្ត

ដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិត            បាំងឱ្យញាតិមិត្តជិតត្រជាក់កាយ។

កុំសង្ឃឹមថាសង្ខារសំខាន់                          កុំចាប់ប្រកាន់ខន្ធធាតុទាំងឡាយ

កុំចងវេរានាំពៀរវែងឆ្ងាយ                         កុំធំភ្លេចម្តាយអន្តរាយអស់ញាតិ។

ដុំបាយមួយចានសម្រាប់មួយថ្ងៃ             កេរ្តិ៍ឈ្មោះប្រពៃសម្រាប់មួយជាតិ

ឯបុណ្យកុសលផ្តល់ផលឥតឃ្លាត           សម្រាប់គ្រប់ជាតិក្នុងវដ្តសង្សារ។

សូមពុទ្ធបរិស័ទតូចធំទាំងឡាយ             កុំបីឃ្លាតឆ្ងាយពីធម៌មេត្តា

សូមកុំធំខ្ពស់ហួសគេហ៊ានថា                   ខុសឆ្គងម្តេចម្តាឱ្យគេហ៊ានប្រាប់។

សូមប្រុងប្រយ័ត្ននឹងពាក្យសរសើរ           ក្រែងគេហៃអើអែបអបចាំស្តាប់

គេអាចបញ្ជោរបញ្ជូនឱ្យស្លាប់                  ខុសឆ្គងឥតប្រាប់ចាំចាប់កំហុស។

សូមឱ្យបាបមិត្តប្តូរចិត្តប្រិតកាយ             សត្រូវទាំងឡាយរសាត់ឆ្ងាយចុះ

អ្នកនៅជិតក្បែរប្រែមានសន្តោស            អ្នកផងស្រីប្រុសបានសុខដោយសារ។

សូមសុខសួស្តីសិរីមង្គល                            ចូលដល់អ្នកដែលមានចិត្តជ្រះថ្លា

គោរពស្រឡាញ់ជាតិនិងសាសនា           សុខគ្រប់ប្រការរហូតតទៅ ។ 

ដោយឧបាសក គុយ   សុធន

                                                (សៀវភៅព្រះពោធិសត្វភាគ ១ទំព័រ១២៩)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.