ជ្រៃដុះលើត្នោតបញ្ឆោតសត្វជ្រឹង ទាបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លែ
ចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកែ លើគេល្អដែរតែពិបាកដើរ ។
យកឈ្នះចាញ់គ្នាមានអ្វីប្រពៃ ឈ្នះអ្នកដទៃមានអ្វីគ្រាន់បើ
បើឈ្នះខ្លួនឯងនោះទើបប្រសើរ កុំឱ្យខន្ធប្រើបម្រើតណ្ហា។
ខំសាងសីលទានមានឈ្មោះឧត្តម កុំភាន់ច្រឡំរួមផ្សំឥស្សា
នាំបែកសាមគ្គីចេញពាក្យវាចា ដោយហិង្សាថា មានគេអត់ខ្ញុំ។
ស្ថានមួយធំណាស់មានអ្វីចង្អៀត បើនៅទើសទៀតមានអ្វីសមរម្យ
បើមិនសង្រួមគុណធម៌រលំ ទោះសីលប៉ុនភ្នំក៏ត្រូវបាត់អស់។
ផ្ទះតូចចង្អៀតអាចជ្រៀតនៅបាន ចង្អៀតសន្តានឥតមានចន្លោះ
បើគោរពធម៌អាចជួយរំដោះ ព្រះធម៌ជួយប្រស់ឱ្យចិត្តទូលាយ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៨)
No comments:
Post a Comment