ឈើដុះលើភ្នំជំរំបក្សី ឈើដុះក្នុងព្រៃជំរំម្រឹគា
ឈើដុះក្នុងទឹកជំរំមច្ឆា ឈើដុះក្នុងផ្សារបង្អួតទេសចរ។
ឈើសាងផ្ទះធំជំរំអ្នកមាន ខ្ទមតូចកៀនៗជំរំអ្នកក្រ
សាងកុដិអារាមជំរំអ្នកធម៌ សាងកុសលល្អជាជំរំចិត្ត ។
រកម្លប់ជ្រកពួនព្រោះតែក្តៅកាយ ដំបៅមិនក្លាយព្រោះមានថ្នាំបិទ
មិនបៀតបៀនគេព្រោះតែអាណិត ចង់ត្រជាក់ចិត្តម្តេចមិនរៀនធម៌ ។
ចេះធម៌វិន័យសម្តីពីរោះ ទទួលកិត្តិយសមានកេរ្តិ៍ឈ្មោះល្អ
ចិត្តក៏ត្រជាក់មានអ្នកកំដរ គឺមិត្តព្រះធម៌ល្អប្រពៃណាស់។
គ្មានអ្វីត្រជាក់ជាងអ្នកយល់ធម៌ គ្មានអ្វីដែលល្អជាជាងធម៌ព្រះ
គ្មានអ្វីសមរម្យជាងឱនសំពះ បើជ្រកក្នុងផ្ទះជម្រះចិត្តផង។
បើត្រជាក់កាយតែខ្វល់ខ្វាយចិត្ត កាយរួចទោសពិតចិត្តជាប់ចំណង
កាយជាអ្នកមានស័ក្តិធំកន្លង ចិត្តត្រូវគេចងចំណងកាមគុណ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៥)
No comments:
Post a Comment