ជាតិអ្នកនេសាទសង្វាតរកត្រី ប្រហាររាល់ថ្ងៃឥតក្តីមេត្តា
ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា សម្លាប់បក្សាឥតញញើតដៃ ។
ជាតិជាអ្នកបួសរស់ក្នុងអារាម ប៉ងវៀរចាកកាមតាមព្រះជិនស្រី
សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ តាមធម៌វិន័យព្រះពុទ្ធសាសនា។
បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ តាមធម៌បញ្ញត្តនៃព្រះសាស្តា
បរិស័ទទាំងឡាយសប្បាយបូជា ដោយចិត្តសទ្ធាបូជាឥតស្តាយ។
ព្រះសង្ឃសាវកជាក់ជាស្រែបុណ្យ ជនសាបពូជមុនបានផលឯនាយ
ពុំព្រួយរីងរាំងពុំខ្លាចជន់សាយ រីករាយសប្បាយឥតស្តាយស្រណោះ
ប្រសិនបើវត្តអត់មានព្រះសង្ឃ លោកមានតែស្បង់សង្ឃបាត់បង់អស់
ទាំងធម៌វិន័យបាត់បង់សម្រស់ នោះហៅថាគ្រោះអន្តរាយសាសនា។
ហៃអស់នរៈជនទាំងឡាយអ្ហើយ ចូរកុំកន្តើយខិតខំសិក្សា
ទាន់ធម៌នៅមានរៀនពិចារណា ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥១)
No comments:
Post a Comment