ធ្វើស្រែខែលិចកម្ទេចឆ្នាំងបាយ ដាំពូជមហន្តរាយផ្សព្វផ្សាយអធម៌
បានផលជាទុក្ខមុខតែវឹកវរ អវិជ្ជាអូស ក ពុំមានថ្ងៃល្ហែ។
ឫស្សីផ្កាផ្លែស្លាប់ដើមវិនាស ស្រូវទុំដូចមាសត្រូវដាច់ពីស្រែ
សុរិយារះខ្ពស់បាត់ពន្លឺខែ ខុសឥតកែប្រែគ្រោះថ្នាក់ខ្លាំងណាស់។
ដើមចេកស្លាប់ខ្លួនព្រោះតែទុំផ្លែ កូនភ្លេចឪម៉ែព្រោះតណ្ហាក្រាស់
សង្ឃបង់វិន័យព្រោះតែឥតខ្មាស ទ្រព្យប្រហារម្ចាស់ព្រោះឥតបញ្ញា។
លាភៈតែងទាក់ទម្លាក់មនុស្សល្ងង់ លាភទាញលិចលង់បាត់បង់អាត្មា
លាភចូលដល់ហើយឥតចេះរក្សា លាភនាំសោកាព្រោះឥតគំនិត។
កាលនៅក្រទល់គិតខ្វល់ខំរក អំពើស្មោកគ្រោកពុំបានប្រព្រឹត្ត
លុះដល់មានលុយនាំបែកគំនិត ចំអធម៌ពិតលាភមិត្តអបាយ ។
បើមិនប្រយ័ត្នលាភចាត់តាំងប្រើ គិតថាគ្រាន់បើដ្បិតមានប្រាក់ចាយ
ភ្លើតភ្លើនមួយភ្លែតគិតថាសប្បាយ រងទុក្ខវែងឆ្ងាយពុំងាយរួចឡើយ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៦)
No comments:
Post a Comment