ប្រហុកត្រីស្អុយគង់មានគេស្ល ធ្វើនំឥតស្ករគង់មានរសជាតិ
នៅក្រុងឬស្រែគង់តែមានញាតិ រស់ឥតមារយាទញាតិពោលបង្អាប់។
កូនស្លូតឬកាចគង់មានម្តាយស្តី ក្មេងតូចស្រដីខុសគង់គេប្រាប់
ជនល្ងង់ពោលត្រង់គង់មានគេស្តាប់ ខ្ពស់ហួសលំដាប់គ្មានញាតិរាប់អាន។
ទឹកថ្លុកមួយក្អឹកផឹកគង់បាត់ស្រេក សមុទ្រធំពេករកផឹកពុំបាន
កើតទាន់សាសនាមិនគួរលង់ប្រាណ គេទៅនិព្វានឯងញៀនតណ្ហា ។
ទម្រាំភ្ញាក់ខ្លួនជួនជាជរា មច្ចុទាមទារបើកទ្វារបច្ឆា
បើយល់ធម៌ទាន់គ្រាន់យោងអាត្មា ព្រះធម៌រក្សាឥតរើសក្មេងចាស់។
របស់អន់ណាស់គង់ប្រើខ្លះបាន បើអន់សន្តានរំខានខ្លាំងណាស់
មានអ្វីដែលល្អជាជាងធម៌ព្រះ គួរដាក់មានះរូតរះរកធម៌ ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៩)
No comments:
Post a Comment