វិញ្ញាណទាំងប្រាំចាំដឹងខ្ជាប់ខ្ជួន មុខងាររៀងខ្លួន ពុំអាចលាយឡំ
តាមមុខងារពិតចិត្តជាអ្នកផ្សំ បើប្រើច្រឡំ ពុំសល់សំណៅ ។
ភ្នែកខំសម្លឹងឥតដឹងសំនៀង ត្រចៀកខំផ្ទៀង ឥតដឹងកម្តៅ
ច្រមុះខំហិតឥតដឹង ស ខ្មៅ អណ្តាតលិទ្ធទៅ ឥតដឹងរូបល្អ។
កាយប៉ះទន់រឹង ឥតដឹងផ្អែមប្រៃ ប៉ះពាល់ដោយដៃ ឥតដឹងរសស្ករ
បើត្រូវទាំងប្រាំចិត្តចាំបន្ត ដឹងរសក្លិនពណ៌ សំឡេងញ័រភ័យ។
វិញ្ញាណទាំងប្រាំចាំតួនាទី នរជនសម្ភី ឥតភ្លេចស្មារតី
រៀនពិចារណាធម៌អាថបាលី ឱ្យយល់តាមន័យ ជាអនត្តា ។
ព្រោះភ្នែកមិនទៀងរូបក៏មិនទៀង តើចិត្តឃើញទៀងបានដោយយ៉ាងណា
ចូរកុំប្រមាទសង្វាតសិក្សា ទើបកើតបញ្ញា រក្សាកុសល ។
ដោយអវិជ្ជាការពារបាំងបិទ ដឹងថាល្ហើយពិត តែឥតដឹងខ្យល់
អ្នកកើតតែងស្លាប់ជាច្បាប់កុំឆ្ងល់ ដឹងហើយគួរខ្វល់ រកផ្លូវយាត្រា។
រស់ខ្វះមង្គលឥតស្គាល់អ្វីល្អ រស់ឆ្ងាយព្រះធម៌ ឥតមានបញ្ញា
ឃើញតែថ្ងៃរះឥតស្គាល់សុរិយា កើតទាន់សាសនា ឥតស្គាល់ធម្មរស។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៦)
No comments:
Post a Comment