រឿងពីព្រេងព្រឹទ្ធបណ្ឌិតថ្លាថ្លែង ក្តីសោកសង្រេងតែងជួបប្រទះ
សព្វសត្វក្នុងលោកសន្និវាស ជួបតែវិនាសប្រទះតែព្រួយ។
ម្ល៉ឹងងហើយមិនព្រមចុះញ៉មអ្នកណា កិលេសតណ្ហាឆ្ងាញ់ផ្អែមរលួយ
កុសលមិនសាងបន់ឱ្យព្រះជួយ ឥតគិតភ័យព្រួយថ្ងៃមួយមរណា។
ពេលឈឺម្តងៗភ័យអើយសែនភ័យ ជរារាល់ថ្ងៃឥតគិតអនិច្ចា
ប្រាថ្នាតែឆ្ងាញ់បំពេញតណ្ហា ឥតធម៌មេត្តាប្រាថ្នាខ្ពង់ខ្ពស់។
វត្តឥតរៀនសូត្របាត់បង់ធម៌អាថ កុលាបឥតផ្កាបាត់បង់សម្រស់
ប្រព្រឹត្តទុច្ចរិតបាត់បង់កិត្តិយស កាន់ធម៌សប្បុរសពិតរស់មានន័យ។
រទេះឥតកង់បាត់បង់ខ្លឹមសារ ទូកឥតច្រវាបាត់បង់សេរី
បព្វជិតឥតខ្មាសបាត់បង់វិន័យ សីលឥតខន្តីបាត់អស់គុណធម៌ ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៨)
No comments:
Post a Comment