EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៥២- បទពិចារណាគាថាសីលវត្ថេរ - Vay Socheat

Header Ads

Friday, September 27, 2013

៥២- បទពិចារណាគាថាសីលវត្ថេរ

និយាយដូចម្តេចឱ្យលេចភោគផល         បំបាត់កង្វល់ជូនដល់បរិស័ទ

និយាយបំភ័យសីលត្រូវបង់បាត់             និយាយកាត់ៗពុំអាចត្រូវចំ។

និយាយត្រង់ៗក្រែងលោអន់ចិត្ត             និយាយបញ្ឆិតក្រែងលោពុំសម

និយាយបន្ទោសក្រែងខុសក្រឹត្យក្រម       និយាយណែនាំក្រែងខឹងពុំយល់។

និយាយចំហក្រែងលោជ្រុះបាត់              និយាយសម្ងាត់ក្រែងដឹងពុំដល់

និយាយបង្អាប់ក្រែងខឹងនាំខ្វល់              ចង់ថែឫសគល់តើធ្វើយ៉ាងណា។

បុគ្គលគប្បីសិក្សានូវសីល                      ជម្រះមន្ទិលដោយសីលសិក្ខា

អ្នកដែលមានសីលរមែងថ្លៃថ្លា                ព្រោះសីលនេះណាជាទ្រព្យដ៏ល្អ។

ជនមានប្រាជ្ញាកាលប្រាថ្នាសុខ               បីយ៉ាងខាងមុខដែលល្អបវរ

មួយក្តីសរសើរពីរក្តីត្រេកអរ                   បីកើតឋានសួគ៌គួររក្សាសីល។

បុគ្គលឯណារក្សាសីលពិត                    រមែងបានមិត្តល្អឥតខូចខិល

ចំណែកឯជនលោភលន់ទ្រុស្តសីល         ជួបតែមិត្តខិលរកមិត្តល្អគ្មាន។

ជនអ្នកទ្រុស្តសីលទោសតែងតាមជាប់    គេដៀលបង្អាប់ព្រោះសីលមិនមាន

ឯអ្នកមានសីលគុណតែងតែបាន            កិត្តិសព្ទក៏មានកេរ្តិ៍ឈ្មោះក៏ល្អ។

សីលជាខាងដើមជាទីតាំងមាំ                 ជាមេដឹកនាំនៃកល្យាណធម៌

សីលជាប្រធានធម៌ល្អបវរ                      ហេតុនេះជនល្អគប្បីរក្សា ។

សីលប្រៀបដូចច្រាំងរនាំងបាំងបិទ        ជាគ្រឿងញ៉ាំងចិត្តរីករាយជ្រះថ្លា

សីលជាកំពង់គ្រប់ព្រះសាស្តា                គប្បីរក្សាជម្រះឱ្យអស់ ។

សីលជាកម្លាំងខ្លាំងក្លាបំផុត                   សីលជាអាវុធឧត្តមឥតខ្ចោះ

ជាអាភរណៈប្រសើរឥតទាស់               ជាគ្រឿងដែកក្រោះមុតមាំខ្លាំងក្លា។

សីលគឺជាស្ពាននិងមានស័ក្តិធំ                ជាគ្រឿងប្រោះព្រំក្រអូបអស្ចារ្យ

សីលជាគ្រឿងលាបប្រសើរថ្លៃថ្លា            បក់សព្វទិសាក្រអូបមុតមាំ។          

សីលជាកញ្ចប់បាយល្អអស្ចារ្យ                ជាស្បៀងអាហារប្រសើរឧត្តម

ជាវាហនៈប្រសើរមុតមាំ                         សម្រាប់ដឹកនាំទៅទីជិតឆ្ងាយ។

ជនពាលមានចិត្តអាក្រក់ជោកជាំ          ពុំបានតាំងមាំក្នុងសីលទាំងឡាយ

រស់រងនិន្ទាជួបតែអន្តរាយ                     ស្លាប់ទៅអបាយទទួលរងទុក្ខ។

អ្នកប្រាជ្ញមានចិត្តដ៏ល្អឧត្តម                   តាំងមាំក្នុងសីលតរៀងទៅមុខ

ក្នុងលោកនេះរស់មានឈ្មោះស្រណុក ស្លាប់ទៅសោយសុខក្នុងឋានសួគ៌នាយ។

សីលជាកំពូលធម៌ក្នុងលោកា                ជនមានប្រាជ្ញាភ្លឺថ្លាពណ្ណរាយ

មនុស្សលោកទេវលោកជម្រកពីនា     យកជយដោយងាយព្រោះសីលបញ្ញា។


ដោយឧបាសក គុយ   សុធន

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.