EditText.setFocusable(false); EditText.setFocusableInTouchMode(false); ៨៩- បារមីក្រៅព្រះពុទ្ធសាសនា - Vay Socheat

Header Ads

Friday, September 27, 2013

៨៩- បារមីក្រៅព្រះពុទ្ធសាសនា

ទឹកចិត្តស្នេហាកាប់ឆ្ការវណ្ណៈ                    ទឹកជន់ហូរចាក់ទម្លាក់ច្រាំងដី


ផ្លូវចាស់បាក់ទៅបង្កើតផ្លូវថ្មី                       មនុស្សនិងផែនដីអ្នកណាជាម្ចាស់។


អតីតអស់ទៅតែនៅបច្ចុប្បន្ន                      អនាគតមកទាន់តើសល់អ្វីខ្លះ


ចុងក្រោយគឺស្លាប់ចោលដីស្រឡះ        អ្នកណាជាម្ចាស់យូរណាស់មកហើយ។


កាលដើមធ្លាប់ល្បីលើទ្វីបលោកា            ដើរខុសមួយក្តារសង្គ្រាមឥតស្បើយ


ដំរីក្លាយជាស្រមោចភ្លើងហើយ                 ប្រឹងទៅពៅអើយក្រែងជួបដុំស្ករ។


ប្រាសាទបុណ្យអើយចាំដល់ណាទៀត     ផុសមកជួយជាតិខ្ញុំសូមអង្វរ


ឱ្យខ្ញុំបានទាន់ជំនាន់មនុស្សល្អ                    រស់មានសីលធម៌ចេះគោរពគ្នា។


ដ្បិតរោគជរាវាមកទាន់ហើយ                   ក្រែងលោពុំស្បើយពុំមានវេលា


ពុំបានរស់ទាន់ជាតិរួបរួមគ្នា                      មច្ចុទាមទារជារៀងរាល់ថ្ងៃ។


សូមភ្នំដងរែកដែលមានបារមី                  ជួយថែដែនដីដែលមានតម្លៃ


កោះកុងលយក្នុងសមុទ្រទឹកប្រៃ             អ្នកកុំកាឡៃប្រពៃណីជាតិ ។


អូរជ្រៅកុំរាក់លាក់ព្រំដែនចាស់                 កុំធ្វើផ្តេសផ្តាសឱ្យព្រំចាកឃ្លាត


ប៉ោយប៉ែតសូមអ្នកកុំនាំវិវាទ                      រក្សាធម្មជាតិព្រៃចែកដែនដី។


ប៉ៃលិនត្បូងពេជ្រលង់លិចដល់បាត        តើលោកយាយយ៉ាតកំពុងធ្វើអ្វី


សូមឱ្យដូនពេញបញ្ចោញរស្មី                   បំភ្លឺផ្ទៃដីដែនកម្ពុជា។


គិរីវង់អើយកុំរត់ចោលស្រែ                        កេរពីឪម៉ែត្រូវតែការពារ


ស្រុករមាសហែកស្រុកកំចាយមារ           រំដួល ចន្ទ្រា បាវិតភិតភ័យ។


វើនសៃតាវែង រតនគិរី                              ព្រៃភ្នំជាទជម្រកសត្វព្រៃ


មណ្ឌលគិរីអូររាំង អូរធ្លៃ                            ឧត្តរមានជយក្រចេះស្ទឹងត្រែង។


សូមមុនីឥសីដែលជាគ្រូខ្ញុំ                          ជួយដាស់អាគមដាស់យ័ន្តកន្សែង


ដាស់លេខអក្ខរាសីមាកំផែង                      អថនកំហែងបាតស្ទឹងសង្កែ។


មន្តមហាទន្សាយស្រឡាយដំរី                   បាំងចុកបាំងវាយបាំងទាំងដួងខែ


មន្តបំបាំងកាយកួចដើមស្រងែ                  អញ្ជើញគ្រូស្នេហ៍លិនថោងសារិកា។


គ្រូសក់កណ្តាញ់ទាំងតូចទាំងធំ                ទាំងគ្រូសំណុំទាំងគ្រូសង្វារ


គ្រូផ្ចិតរមួលទាំងស្នួមេបា                           អារក្សអ្នកតាដំឡើងរាសី។


ពួកម្រេញគង្វាលនិងព្រាយកុមារ           ក្រមួនគោបាព្រាយក្បាលប្រាំបី


ម្ចាស់ភូមិម្ចាស់ស្រុកដែលមានបារមី         រួមកម្លាំងដៃនឹងឥសីមុនី។


ប៉ែតដានសាដានសាដោះបញ្ហា                 ថ្លែងវិជ្ជាការសម្តែងឫទ្ធី


ចុចម្រាមជើងមួយរញ្ជួយធរណី                ចុចម្រាមជើងពីររន្ទះពេញមេឃ។


ចុចម្រាមជើងបីបែងភាគបាំងខ្លួន            ចុចម្រាមជើងបួនអាកាសរហែក


ចុចម្រាមជើងប្រាំធ្លាក់ភ្លៀងពីមេឃ         លើកដៃបាំងភ្នែកភ្លៀងរាំងថ្ងៃរះ។


តន្ត្រំជើងម្ខាងសត្រូវវក់វី                            តន្ត្រំជើងពីរបានជយជម្នះ


មាត់សូត្របួងសួងដៃផ្គុំសំពះ                   យកជយជម្នះឈ្នះមារសត្រូវ។


នេះគ្រាន់តែជាការគិតស្រមៃ                   បច្ចុប្បន្នសព្វថ្ងៃពូកែអ្វីទៅ


គ្រាន់តែរោគអេដស៍ក៏ពេទ្យអស់ផ្លូវ          រស់ចាំថ្ងៃទៅនៅទាំងអួអប់។
 
តែទោះពូកែមានឫទ្ធិក៏ដោយ                  រឿងរ៉ាវចុងក្រោយក៏ត្រូវតែស្លាប់


កុំអាងមានឫទ្ធិបំពានលើច្បាប់                   អ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិ។


ក្រោយពេលដែលបានស្លាប់ចែកឋានទៅ បុណ្យបាបនាំផ្លូវរហូតឥតឃ្លាត


អ្នកដែលសាងល្អបុណ្យតាមជាញាតិ       សាងបាបជួជាតិធ្លាក់ទៅអបាយ។


ខ្ញុំសូមប្រមូលកងបុណ្យកុសល                 ឧទ្ទិសជូនដល់លោកអ្នកទាំងឡាយ


សូមឱ្យអានហើយមានចិត្តរសាយ           សប្បាយសុខស្ងប់រហូតតទៅ ។


ពេលមានកង្វល់ធុញទាល់គំនិត               សូមឱ្យជួបមិត្តដែលដឹងរាក់ជ្រៅ


រឿងណាសៅហ្មងគិតនាំអាស្រូវ             ឈប់គិតវាទៅអានសៀវភៅវិញ។


សៀវភៅជាមិត្តឥតកាត់ថ្លៃបាន              កាន់អានថ្មើរម៉ានឥតមានម្នោម្នេញ


គំនិតខ្វះខាតសៀវភៅបំពេញ                   បញ្ចោញភោគផលផ្តល់ឱ្យបញ្ញា។


ប្រសិនបើនៅមានជាតិកំណើត                 សូមឱ្យបានកើតគ្រប់ជាតិណាៗ


សូមជួបបណ្ឌិតគំនិតថ្លៃថ្លា                        ជួបពុទ្ធសាសនាកុំបីឃ្លាតឡើយ។


ដោយអ៊ំប្រុស គុយ  សុធន


(សៀវភៅបារមីភាគទី ១ និងខ្លឹមសារខ្លីៗទំព័រ១២២)

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.