EditText.setFocusable(false); EditText.setFocusableInTouchMode(false); September 2013 - Vay Socheat

Header Ads

Friday, September 27, 2013

១១- ល្អបូកល្អស្មើធម៌អ្នកប្រាជ្ញ

ឆ្លាតបូកព្យាយាមស្មើលាមបញ្ញា                     ល្ងង់បូកឥស្សាស្មើទ្វារអវីចី

ងងឹតបូកយប់ស្មើអាប់រាសី                             ភ្លឺបូកនិងថ្ងៃចាញ់រស្មីធម៌។

ខឹងបូកគំនុំស្មើផ្គុំអកុសល                               ភ្លេចបូកមិនស្គាល់ស្មើផលវឹកវរ

ស្រឡាញ់បូកស្នេហ៍ ស្មើខ្សែវណ្ឌក                  ស្រស់បូកស្អាតល្អ កំដរអ្នកហ៊ាន។

មាយាបូកស្និទ្ធស្មើចិត្តឥតខ្មាស                       រឹងបូកមុខក្រាស់ ស្មើឥតវិញ្ញាណ

កំណាញ់បូកស្អប់ស្មើកប់ថ្នាក់ទាន                   សទ្ធាបូកមាន ចម្រើនបុណ្យល្អ។

ល្ងង់ដកមានះប្រទះសួគ៌ជាក់                          ឆ្លាតដកគារវៈ ស្មើអ្នកអធម៌

អ្នកអួតលើកខ្លួនស្មើក្បួនភូតភរ                       ឆ្លាតគប់មិត្តល្អ ស្មើធម៌កុសល។

រកបូកប្រសប់ស្មើទ្រព្យអ្នកមាន                       សីលបូកនិងទាន ស្មើស្ពានមគ្គផល

សុខបូកលាភយសស្មើរសបុណ្យផ្តល់              មគ្គបូកនិងផល ស្មើថ្នល់និព្វាន។

ដោយឧបាសក គុយសុធន
                                                                        (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៧) 

៩- សម្តីជាអ្វី?

សម្តីជាទ្រព្យប្រើរាប់មិនអស់                  តែបើប្រើទាស់ នាំកើតហិង្សា

នាំឱ្យគុំកួនជាប់ក្នុងចិន្តា                        អាចហ៊ានប្រហារ ប្រាថ្នាធ្វើឃាត។

បើប្រើត្រឹមត្រូវត្រង់តាមព្រះធម៌             នាំជួបផលល្អ បវរឥតឃ្លាត

សម្តីកើតយសរស់មានមិត្តញាតិ             សម្តីសរជាតិ មារយាទសរពូជ ។ 

សម្តីល្អជាពូជធារល្អគាប់                       សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច

សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍         សម្តីឥតខូច ប្រយោជន៍គង់មាន។

សម្តីគួរគាប់ជាប់ព្រហ្មវិហារ                   ព្រមដោយសទ្ធា បូជាសីលទាន

សម្តីជាធម៌ ល្អរកផ្ទឹមគ្មាន                      ប្រាប់ផ្លូវនិព្វាន ធម្មយានបរិយាយ។

ដោយឧបាសក គុយសុធន
                                                 ( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៥)

៨- បើចិត្តខឹងក្រោធកុំចោទអ្នកដទៃ

ល្អាងភ្នំជុំសព្វឥតស្ងប់ព្រះពាយ             សមុទ្រទាំងឡាយឥតស្ងប់រលក


មេឃមិនស្រឡះឥតខ្វះពពក                 មាសសុទ្ធមិនយកទៅរកដុំថ្ម។


សាបពូជមិនដុះបន្ទោសតែគ្រាប់             ជាងផ្សារមិនជាប់បន្ទោសសំណ


ស្រមោចរោមនំទៅបន្ទោសស្ករ               ដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយ។


បើចិត្តក្រោធខឹងនឹងបុគ្គលណា              មិនត្រូវប្រហារព្យាបាទគេឡើយ


គឺត្រូវសម្លាប់ក្តីក្រោធនោះហើយ    សន្តានបានស្បើយល្ហើយដេកជាសុខ។


អ្នកឈ្នះរមែងមានពៀរវេរា                    អ្នកចាញ់គ្រាំគ្រារមែងរងទុក្ខ


អ្នកឥតក្រោធខឹងរមែងបានសុខ             ចិត្តស្រួលស្រណុកព្រោះឥតសត្រូវ។


ពៀរពុំដែលស្ងប់ដោយការចងពៀរ         អ្នកបៀតបៀនគ្នារមែងអាស្រូវ


អ្នកមានមេត្តាចិត្តឥតឃោរឃៅ               ពិតដើរចំផ្លូវព្រះអរិយៈ ។


ដោយឧបាសក គុយសុធន

                                                      (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៤)

៧- ស្វែងរកក្តីសុខនៅក្នុងភពកម្ម

អាកាសពុំឆ្អែតទៅដោយព្រះពាយ          សមុទ្រទាំងឡាយពុំឆ្អែតដោយទឹក

ចិត្តអ្នកជាម្តាយពុំឆ្អែតក្តីនឹក                   គិតកូនល្ងាចព្រឹកដោយក្តីមេត្តា។

ភ្លើងពុំដែលឆ្អែតទៅដោយឈើងាប់         លោភៈពុំស្កប់ដោយក្តីប្រាថ្នា

កិលេសពុំឆ្អែតដោយកាមតណ្ហា             មានរូបសង្ហាពុំផុតជរា ។

តើឧបាទានណាមិនប្រកាន់                   តើបញ្ចក្ខន្ធណាគ្មានរោគា

តើអារម្មណ៍ណាដែលគ្មានវេទនា           កាយចិត្តគ្រាំគ្រាលោកណាគ្មានទុក្ខ។

ដោយសុខតិចតួចលួចលួងចិត្តកាយ       ហាក់ដូចសប្បាយមោហៈបាំងមុខ

សប្បាយភ្លេចខ្លួននៅក្នុងកងទុក្ខ             ខំស្វែងរកសុខនៅក្នុងភពកម្ម។      

រកម្លប់ត្រជាក់កណ្តាលវាលក្តៅ              យកទឹកស្រោចស្មៅរកផលដំណាំ    

គ្រាប់ល្អមិនសាបពូជល្អមិនដាំ                ឥតជឿផលកម្មរង់ចាំព្រះជួយ។

ដោយឧបាសក គុយ  សុធន
                                                    (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣)

៦- វៀចគល់ត្រង់ចុង

អ្នកដែលប្រមាទកាលពេលដំបូង            ក្រោយកែប្រែយោងពុំនៅកន្តើយ


ដោយមិនប្រមាទមិនប្រហែសឡើយ ឈោងឈានរកត្រើយលះគ្រឿងស្មោកគ្រោក។


គឺជននោះហើយព្រមដោយតម្រិះ           តែងធ្វើលោកនេះឱ្យភ្លឺពន្លក


ប្រៀបដូចព្រះចន្ទផុតពីពពក                ចាំងបំភ្លឺលោកឱ្យភ្លឺចិញ្ចែង។


ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់                  ខិតខំលះបង់មានះខ្លួនឯង


ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង             បុគ្គលនោះឯងរមែងថ្កើងថ្កាន។


រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន              ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន


ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ   ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ។


ដោយឧបាសក គុយ  សុធន

                                                       (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣២)

៤- ចិត្តជាប្រធាន

លោកធម៌ទាំងឡាយចិត្តជាប្រធាន          ប្រសើរពុំមានអ្វីធំលើសចិត្ត

ដឹងសុខដឹងទុក្ខមុខគួរអាណិត                សម្រេចដោយចិត្តជាអ្នកចាត់ចែង។

បុគ្គលមានចិត្តជ្រះថ្លាល្អហើយ               ពុំប្រព្រឹត្តឡើយការនាំចំបែង

ទោះនិយាយស្តីប្រពៃក្រៃលែង               គោរពកោតក្រែងធ្វើតែកុសល។

ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង             ក្តីសុខរមែងតាមជាប់បុគ្គល

ដូចជាស្រមោលអន្ទោលវិលវល់             តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង។

យោនរោ រីនរៈជនឯណា                      មានចិត្តល្អថ្លាប្រាថ្នាចាត់ចែង

ធ្វើបុណ្យឱ្យទានឥតមានចំបែង              ក្តីសុខរមែងតាក់តែងជននោះ។

ដោយឧបាសក គុយ  សុធន
    ( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣០)

៣- ចិត្តជាធំ

លោកធម៌ទាំងឡាយមានចិត្តជាធំ           រួមប្រមូលផ្តុំឧត្តមលើចិត្ត

ចង់សើចឬយំអន់ឬប្រណីត                   សម្រេចដោយចិត្តជាអ្នកកំណត់។

ជនណាមានចិត្តទោសៈកើតហើយ         ឥតធ្វើល្អឡើយអាក្រក់ប្រាកដ

ទោះនិយាយស្តីចង្រៃជូរចត់                   ទាំងកាយទាំងមាត់អត់មានកុសល។

ព្រោះតែអំពើអាក្រក់នោះឯង                ក្តីទុក្ខរមែងដេញតាមបុគ្គល

ដូចកង់រទេះតែងតែវិលវល់                    តាមគោមង្គលដែលអូសដូច្នេះ។

ដានគោទៅណាដានកង់ទៅហ្នឹង            គួរតែយល់ដឹងកុំធ្វេសប្រហែស

គូរតែសិក្សាធម៌អាថឱ្យចេះ                    កុំឱ្យចិត្តនេះនាំទៅអវីចី។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២២៩)

២- អន្លង់កាម

ព្រះសង្ឃសាវកអង្គឯណា                     លុះបានបញ្ញាដ៏ប្រពៃ

ឆ្លងអន្លង់កាមដោយជោគជ័យ               លែងញាប់ញរអ្វីនឹងសុខទុក្ខ។

ព្រោះបានដល់នូវការអស់ទៅ                មោហៈកម្លៅដែលជាគុក

តែងឃុំឃាំងជនឥតរើសមុខ                  អ្នកដែលស្វែងសុខក្នុងកាមគុណ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២២៨)

១២- កុំរកទោសគេ

សេពគប់នឹងល្បែងវិនាសតែងចាំ            ប្រព្រឹត្តចោរកម្មគុកចាំទទួល

ប្រព្រឹត្តមិនសមអារម្មណ៍មិនស្រួល         សតិប្រែប្រួល ដួលព្រោះស្រវឹង។

គួរសាងកុសលតម្កល់ចិត្តកាយ              រស់ដោយសប្បាយរំសាយកំហឹង

កុំឱ្យស្តាយក្រោយដោយថាមិនដឹង          បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង។

ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា                   ព្រះធម៌ចែងថាជីវិតមិនទៀង

កុំអាងនៅក្មេងវង្វេងនឹងរាង                   បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ។

កំហុសខ្លួនឯងជាក់ស្តែងឥតស្តី               ទោសអ្នកដទៃរំពៃធំទ្វេ

ដំរីមួយស្លាប់បាំងនឹងចង្អេរ                    ជិតដែរឬទេគួរពិចារណា ។

កំហុសតែងមានចំពោះអ្នកធ្វើ                អ្នកអង្គុយមើលកុំចេះតែថា

គួរមានមេត្រីដោយក្តីមេត្តា                    ទៅតាមធម៌អាថដែលព្រះទូន្មាន។

ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៨)

១៣- អន់ណាស់គង់ប្រើខ្លះបាន

ប្រហុកត្រីស្អុយគង់មានគេស្ល                 ធ្វើនំឥតស្ករគង់មានរសជាតិ

នៅក្រុងឬស្រែគង់តែមានញាតិ              រស់ឥតមារយាទញាតិពោលបង្អាប់។

កូនស្លូតឬកាចគង់មានម្តាយស្តី              ក្មេងតូចស្រដីខុសគង់គេប្រាប់

ជនល្ងង់ពោលត្រង់គង់មានគេស្តាប់        ខ្ពស់ហួសលំដាប់គ្មានញាតិរាប់អាន។

ទឹកថ្លុកមួយក្អឹកផឹកគង់បាត់ស្រេក           សមុទ្រធំពេករកផឹកពុំបាន

កើតទាន់សាសនាមិនគួរលង់ប្រាណ        គេទៅនិព្វានឯងញៀនតណ្ហា ។

ទម្រាំភ្ញាក់ខ្លួនជួនជាជរា                         មច្ចុទាមទារបើកទ្វារបច្ឆា

បើយល់ធម៌ទាន់គ្រាន់យោងអាត្មា           ព្រះធម៌រក្សាឥតរើសក្មេងចាស់។

របស់អន់ណាស់គង់ប្រើខ្លះបាន              បើអន់សន្តានរំខានខ្លាំងណាស់

មានអ្វីដែលល្អជាជាងធម៌ព្រះ                គួរដាក់មានះរូតរះរកធម៌ 

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៩)
Theme images by Petrovich9. Powered by Blogger.