ក្រុងប៉េកាំងៈ ទ្រព្យបម្រុងជាមាសរបស់ប្រទេសចិនបានកើនឡើងដល់ ១២ ១០០ តោននៅចុងឆ្នាំ ២០១៦ ដោយបានធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅក្នុងពិភពលោកមួយនេះក្លាយជាប្រទេសដែលកាន់កាប់មាសច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង។
លោក Zhang Yongtao អនុប្រធានសមាគមមាសចិន (CGA) បានប្រកាសតួលេខនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។
លោក Zhang ដែលបានរំពឹងថាបរិមាណមាសអាចនឹងកើនឡើងខ្ពស់ជាង ១០ ម៉ឺនតោននៅឆ្នាំ ២០២០ ខាងមុខនេះបានឲ្យដឹងថាកាលពីឆ្នាំមុនប្រតិបត្តិការទិញលក់មាសសរុបនៅទីផ្សារប្រទេសចិន រួមទាំងការជួញដូរនៅផ្សារដោះដូរមាស ផ្សារជួញដូរកិច្ចសន្យាអនាគត និងការទិញលក់មាសនៅទីផ្សាររំលងបញ្ជរតាមធនាគារពាណិជ្ជបានកើនឡើងដល់ ៧ ម៉ឺនតោន។
ប្រទេសចិនគឺជាប្រទេសផលិតមាសធំជាងគេរបស់ពិភពលោកក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ និងជាប្រទេសប្រើប្រាស់មាសច្រើនជាងគេក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ ប្រទេសចិនមានបំណងបង្កើនទិន្នផលមាសប្រចាំឆ្នាំរបស់ខ្លួនពីចំនួនប្រមាណ ៤៥០ តោននាពេលបច្ចុប្បន្នដល់ ៥០០ តោននៅឆ្នាំ ២០២០។
យោងតាមសមាគម CGA បានឲ្យដឹងថានៅឆមាសទី ១ ក្នុងឆ្នាំនេះបរិមាណមាសសរុបចំនួន ២០៧ តោនត្រូវបានផលិតនៅប្រទេសចិនដោយបានធ្លាក់ចុះ ៩,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនោះដែរតម្រូវការប្រើប្រាស់មាសបានកើនឡើងជិត ១០ ភាគរយក្នុងឆមាសទី ១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៥៤៥ តោនដោយតម្រូវការប្រើប្រាស់មាសដុំបានកើនឡើងខ្ពស់ជាង ៥០ ភាគរយ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment