EditText.setFocusable(false); EditText.setFocusableInTouchMode(false); ធនាគារ​ជាតិនៃកម្ពុជា បង្ហាញ​ពី​ភាព​រីក​ចម្រើន​រយៈពេល​ជាង ​៣០ ​ឆ្នាំ - Vay Socheat

Header Ads

Tuesday, October 10, 2017

ធនាគារ​ជាតិនៃកម្ពុជា បង្ហាញ​ពី​ភាព​រីក​ចម្រើន​រយៈពេល​ជាង ​៣០ ​ឆ្នាំ



ភ្នំពេញៈ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ជាង ​៣០ ឆ្នាំ​កន្លង​មក គិត​ចាប់​ពី​ធនាគារ​កណ្តាល​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​ ១៩៧៩ ហើយ​បាន​រួម​ចំណែក​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​សេដ្ឋកិច្ច គួរ​ឲ្យ​កត់​សម្គាល់​។ នេះ​បើ​យោង​តាម​តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កាលពី​ម្សិលមិញ​។

NBC​កាលពី​ម្សិលមិញ​បាន​ប្រារព្ធ​ខួប​លើក​ទី​៣៨​ឆ្នាំ​នៃ​ការ​បង្កើត​ឡើង ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម (​ថ្ងៃទី​ ១០ ខែ ​តុលា ឆ្នាំ ​១៩៧៩ ដល់​ថ្ងៃទី ​១០ ខែ​តុលា​ឆ្នាំ ​២០១៧) ក្នុង​គោល​បំណង​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្តីពី​ប្រវត្តិ​នៃ​ការ​បង្កើត​ឡើង​វិញ បញ្ហា​ប្រឈម និង​សមិទ្ធផល​ក្នុង​រយៈពេល​៣៨​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក ជា ចាន់តូ ទេសាភិបាល​របស់ NBC បាន​ឲ្យ​ដឹង​ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី NBC ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​និយតករ​ហិរញ្ញវត្ថុ​របស់​កម្ពុ​ជាមួយ​នេះ បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ចាំបាច់ និង បទ​ប្បញ្ញត្តិ​ជាច្រើន​ដើម្បី​ពង្រឹង​ប្រតិបត្តិការ​វិស័យ​ធនាគារ ហើយ​ជា​លទ្ធផល​វិស័យ​នេះ​បាន​រីកចម្រើន​យ៉ាង​ខ្លាំង និង​រក្សា​បាន​សុខភាព​រឹងមាំ​។

លោក ចាន់តូ បាន​ថ្លែង​ថា​៖ «​នៅ​រយៈពេល ​១៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើន​ឡើង​យ៉ាង​រហ័ស ដល់ ១២៨ ពាន់​ពាន់​លាន​រៀល (​ស្មើ​នឹង ៣២ ពាន់​លាន​ដុល្លារ​) នា​ពេល​បច្ចុប្បន្ន គឺ​បាន​កើន​ឡើង​ ៤១​ ដង [​ពី​ ១៦ ​ឆ្នាំ​មុន​]»​។

លោក​បន្ថែម​ថា កម្ចី​នៅ​ក្នុង​វិស័យ​ធនាគារ​បាន​កើន​ឡើង​ដល់ ​១៨,៥​ ពាន់​លាន​ដុល្លារ​នា​ពេល​នេះ ដែល​កើន​ឡើង​ ៩៣ ​ដង​កាលពី ​១៦ ​ឆ្នាំ​មុន ខណៈ​ប្រាក់​បញ្ញើ​នៅ​ក្នុង​វិស័យ​ធនាគារ​ក្នុង​រយៈពេល​ដូចគ្នា​កើនឡើង​ ៥២​ ដង​ដល់ ​១៦,៣​ ពាន់​លាន​ដុល្លារ​។

លោក​ថ្លែង​ថា​៖ «[​ក្នុង​រយៈពេល​ ១៨ ឆ្នាំ​ចុងក្រោយ​] ចំនួន​ប្រាក់​រៀល​ចរាចរ​ក្នុង​សេដ្ឋកិច្ច​បាន​កើនឡើង​១៦​ដង​ដល់​៨,៧​ពាន់​ពាន់​លាន​រៀល​(​ស្មើ​នឹង ប្រមាណ ២,២ ពាន់​លាន​ដុល្លារ​) ហើយ​ប្រាក់​បញ្ញើ​ជា​រៀល​កើន​ជាង ៤ ដង​ដល់ ៩៣៨,៥ លាន​ដុល្លារ​»​។​

យោង​តាម​ លោក ចាន់តូ NBC បាន​តម្កល់​ទុន​បម្រុង​បរទេស​ដល់​ទៅ ៨,២​ពាន់​លាន​ដុល្លារ​គិត​មក​ទល់​ពេល​នេះ ដែល​អាច​ធានាការ​នាំ​ចូល​រយៈពេល​ ៦​ ខែ​។

ក្នុង​រយៈពេល​កន្លង​មក NBC បាន​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាច្រើន ក្នុង​ចំណោម​នោះ ការ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ដំឡើង​ទុន​ចុះ​បញ្ជី​បាន​ធ្វើ​ឡើង​៣​ដង​។

កាល​ពី​អំឡុង​ដើម​ឆ្នាំ ២០០០ NBC បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ​សុំ​អាជ្ញាប័ណ្ណ​ឡើងវិញ​ដោយ​ត្រូវ​មាន​ដើមទុន​ចុះបញ្ជី​យ៉ាង​ហោច​ណាស់ ១២,៥ លាន​ដុល្លារ បន្ទាប់​មក​ដំឡើង​ដល់ ៣៧,៥ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០០៨ និង​បន្ត​ដំឡើង​ដល់ ៧៥ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​។

លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ធ្វើ​កំណែ​ទម្រង់ និង​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​កន្លង​មក​បាន​ធ្វើ​ឲ្យ​ប្រតិបត្តិការ​វិស័យ​ធនាគារ​មាន​ការ​រីក​ចម្រើន និង​រឹងមាំ​។

លោក​បន្ត​ថា វិស័យ​ធនាគារ​កម្ពុជា​អាច​ចាត់​ទុក ជា​វិស័យ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​រហ័ស​ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​ ៣​ ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​កាន់​តែ​ចម្រុះ​ឡើង​បន្ថែម​តែ​ពី​ប្រាក់កម្ចី ព្រមទាំង​ពង្រីក​វិសាលភាព​ផ្តល់​សេវា​កាន់តែ​ច្រើន​ឡើង​។

លោក​ថ្លែងថា​៖ «​ជារួម យើង​ឃើញថា វិស័យ​ហិរញ្ញវត្ថុ​ជា​វិស័យ​មួយ​ដែល​មាន​ការអភិវឌ្ឍរ​ហ័ស​ជាងគេ​ធៀប​នឹង​វិស័យ​ផ្សេង​ទៀត​»​។

លោក​បន្ត​ថា​៖ «​យើង​រំពឹងថា​រដ្ឋាភិបាល​នឹង​បន្ត​ធានា​ស្ថិរភាព​នយោបាយ​ឲ្យ​បាន​ល្អ​ជាង​បច្ចុប្បន្ន ដើម្បី​ជំរុញ​កំណើន​វិស័យ​នេះ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.