Tuesday, October 10, 2017
IMF ជំរុញឲ្យ G20 រក្សានិរន្តរភាពសេដ្ឋកិច្ច
ក្រុងវ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្របានជំរុញឲ្យក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ត្រូវបន្តអនុវត្តកំណែទម្រង់ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះមានតុល្យភាពឡើងវិញ និងធានាឲ្យបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ច។
មូលនិធិ IMF បានឲ្យដឹងក្នុងឯកសារកំណត់ហេតុត្រួតពិនិត្យក្រុមប្រទេស G20 ដែលត្រូវបានរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅសប្ដាហ៍ក្រោយថា៖ «បន្ទាប់ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញថមថយសម្ទុះកំណើនសេដ្ឋកិច្ចមានភាពរឹងមាំ ហើយគម្លាតទិន្នផលត្រូវបានរំពឹងថានឹងត្រូវរួមតូចប្រហែលពាក់កណ្ដាលក្នុងចំណោមក្រុមប្រទេស G20 ត្រឹមឆ្នាំ ២០១៨»។
មូលនិធិ IMF បានបន្ថែមថា៖ «កំណើនកាន់តែមានភាពរឹងមាំ ប៉ុន្តែនៅតែមានក្តីបារម្ភ»។ ប្រទេសអភិវឌ្ឍន៍ជាច្រើនបានបន្តមើលឃើញតម្រូវការមិនគ្រប់គ្រាន់ និងអតិផរណាដែលទាបជាងកម្រិតទិសដៅ ហើយប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនកំពុងប្រឈមនឹងបញ្ហាដោយសារទំនិញប្រើប្រាស់មានតម្លៃទាប។
នៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ការកើនឡើងយឺតនៃទិន្នផលប្រកបដោយសក្ដានុពល និងកំណើនផលិតភាពដែលកំពុងនៅត្រឹងកំពុងគំរាមកំហែងដល់ស្ថិរភាពកំណើនកាន់តែខ្ពស់។ នេះបើយោងតាមមូលនិធិ IMF។
មូលនិធិនេះបានបន្តថាកំណើនបំណុលសាធារណៈ និងឯកជន និងការធ្វើឲ្យមានតុល្យភាពឡើងវិញខាងក្រៅដែលកំពុងជាប់គាំងបានបង្ហាញថា អតុល្យភាពនៅតែមាននៅក្នុងក្រុមប្រទេស G20។
មូលនិធិ IMF ឲ្យដឹងថា៖ «សម្ទុះកំណើនសេដ្ឋកិច្ចបច្ចុប្បន្នគឺជាឱកាសមួយក្នុងការអនុវត្តគោលនយោបាយទាំងនេះ និងធ្វើឲ្យមានស្ថិរភាពដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ»។
យោងតាមអនុសាសន៍គោលនយោបាយរបស់ខ្លួនបណ្ដាប្រទេសអភិវឌ្ឍន៍នានាដូចជាអាមេរិក និងជប៉ុនចាំបាច់ត្រូវអនុវត្តផែនការពង្រឹងសារពើពន្ធប្រកបដោយមហិច្ឆតាកាន់តែខ្លាំងក្នុងការកាត់បន្ថយបំណុលសាធារណៈ ខណៈដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងតំបន់អឺរ៉ូគួរតែដោះស្រាយភាពងាយទទួលរងគ្រោះរបស់សាជីវកម្ម និងធនាគារ។
មូលនិធិ IMF បានអំពាវនាវឲ្យចាត់សកម្មភាពរួមក្នុងការធានាឲ្យបាននូវកំណើនប្រកបដោយស្ថិរភាព និងកំណើនដែលតុល្យភាព។
មូលនិធិនេះបានបញ្ជាក់ថា៖ «សកម្មភាពរួមនឹងជាគន្លឹះមួយក្នុងការដោះស្រាយប្រកបដោយជោគជ័យចំពោះក្តីបារម្ភថ្មីៗដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងការរក្សាអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មពាណិជ្ជកម្មពិភពលោក»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
Subscribe to:
Post Comments (Atom)
No comments:
Post a Comment