EditText.setFocusable(false); EditText.setFocusableInTouchMode(false); ធនាគារ​ពិភពលោក ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា - Vay Socheat

Header Ads

Thursday, October 5, 2017

ធនាគារ​ពិភពលោក ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា




ភ្នំពេញៈ ទោះបី​ជា​ការ​ព្យាករ​កំណើន​ជា​រួម​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​នៅ​អាស៊ីអាគ្នេយ៍ ខណៈ​ប្រទេស​ចិន​បន្ត​ប្រកាន់​យក​ចក្ខុវិស័យ​ប្រកប​ដោយ​​ស្ថិរភាព​នៅ​ឆ្នាំ​នេះ​ក៏ដោយ ក៏​ធនាគារ​ពិភពលោក​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៧ បន្តិច​ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​ការ​ចេញ​សម្លៀកបំពាក់ និង​ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​។

ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ព្យាករ​សេដ្ឋកិច្ច​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​​ពិភពលោក​បង្ហាញ​ថា ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​រក្សា​អត្រា​ ៦,៧ ​ភាគរយ​នៅ​ឆ្នាំ​នេះ ហើយ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៦,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ ដោយសារ​ការ​ធ្វើឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​ធនាគារ​ពិភពលោក​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ប្រទេស​កម្ពុជា​ពី​ ៦,៩ ​ភាគរយ​មក​នៅ​ ៦,៨ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៧​។

មូលហេតុ​នៃ​ការ​ទម្លាក់​ការ​ព្យាករ​បន្តិច​នេះ​ត្រូវ​បាន​សន្មត​ចំពោះ​ការ​កើនឡើង​ប្រាក់​ឈ្នួល «​ពិត​» នៅក្នុង​វិស័យ​កាត់ដេរ ការ​ធ្លាក់​ចុះ​តម្លៃ​ការ​​នាំចេញ និង​ការ​បារម្ភ​មុន​ពេល​បោះឆ្នោត​។

ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​កំណើន​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៥,៤ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៧ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​​ ៨,៤ ​ភាគរយ​»​។

ការ​ព្យាករ​នេះ​បន្ថែម​ថា​ការ​ធ្លាក់​ចុះ​នេះ​មួយ​ផ្នែក​ការ​ប៉ះប៉ូវ​ដោយ​ការ​បង្កើន​ការ​នាំ​ចេញ​បន្ថែម​តម្លៃ​កាន់តែ​ខ្ពស់​រួម​មាន​គ្រឿង​ម៉ាស៊ីន​អគ្គិសនី ឧបករណ៍ និង​គ្រឿងបន្លាស់​។

ខណៈ​របាយការណ៍​នេះ​មាន​ភាព​វិជ្ជមាន​ជាទូទៅ​មាន​ការ​បារម្ភ​ពី​ទីផ្សារ​ឥណទាន​ដែល​កើនឡើង​ខ្លាំង​ត្រូវ​បាន​ទប់ស្កាត់​ជាមួយ​នឹង​ការ​ទម្លាក់​ឥណទាន​មក​នៅ​ត្រឹម​ ១៨,២ ​ភាគរយ ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ធៀប​នឹង​ ២៥,៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៦​។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា កំណើន​ប្រាក់​បញ្ញើ​បាន​រក្សា​ភាព​ខ្លាំង​ក្នុង​កំណើន​ ២០ ​ភាគរយ​។

របាយការណ៍​នេះ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​កំពុង​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​ដែល​មាន​កំណើន​ ១២,៨ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​កំណើន​ ៥ ​ភាគរយ​។

លោក Sudhir Shetty ប្រធាន​សេដ្ឋវិទូ​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា ខណៈ​លោក​មិន​អាច​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​លើ​ការ​បារម្ភ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​លោក​បាន​បន្ថែម​ថា​ភាព​មិន​ច្បាស់លាស់​អាច​រារាំង​ដល់​ការ​វិនិយោគ​។

លោក​ថ្លែង​ថា​៖ «​ជាទូទៅ​ភាព​មិន​ច្បាស់លាស់​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​សម្រាប់​លំហូរ​ចូល​វិនិយោគ​បរទេស ហើយ​ការ​ធ្វើឲ្យ​កាន់តែ​អាក្រក់​នៃ​មជ្ឈដ្ឋាន​នយោបាយ​អាច​រារាំង​ការ​វិនិយោគ​»​។

ប៉ុន្តែ​លោក​បន្ថែម​ថា​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ផ្លូវ​កំណើន​ដ៏រឹងមាំ​របស់​ខ្លួន វិស័យ​កាត់ដេរ​ចាំបាច់​ត្រូវ​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ដោយ​ការ​ផលិត​ផលិតផល​បន្ថែម​តម្លៃ​កាន់តែ​ខ្ពស់​។

លោក​ថ្លែង​ថា​៖ «​មាន​ការ​ពឹងផ្អែក​ជ្រុល​ពេក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដោយ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​ពឹង​លើ​ជាពិសេស​លើ​សម្លៀក​បំពាក់ ហើយ​ច្បាស់​ណាស់​ការ​បង្កើត​អត្រា​ប្រាក់​ឈ្នួល និង​ការ​កើនឡើង​តម្លៃ​របស់​ប្រាក់​ដុល្លារ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត វា​មាន​និន្នាការ​ធ្វើឲ្យ​ចុះ​ខ្សោយ​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ថា​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភ័ណ្ឌ វា​ចាំបាច់​ត្រូវ​បង្កើន​ចង្វាក់​តម្លៃ​ទៅ​ជា​ផលិតផល​ទំនើប​បន្ថែម​ទៀត​»​។

លោក​បន្ត​ថា​មាន​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ការងារ​ដូច​នោះ​សម្រាប់​ឧស្សាហកម្ម​មួយ​ដែល​មាន​ចំណែក​រហូត​ដល់​ ៧០ ​ភាគរយ​នៃ​ការ​នាំ​ចេញ ជាពិសេស​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​តម្លៃ​អគ្គិសនី​ខ្ពស់​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​ការ​វិនិយោគ និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Mekong Strategic Partners បាន​ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវការ​វិធីសាស្ដ្រ​រយៈពេល​វែង​ក្នុង​ការ​ការពារ​សេដ្ឋកិច្ច​ចេញពី​វិស័យ​កាត់ដេរ​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​ត្រូវការ​​រយៈពេល​វែង​ក្នុង​ការ​ផ្លាស់ប្តូរ​ចេញ​ពី​វិស័យ​កាត់ដេរ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ខ្លី​ទេ ដោយសារ​តែ​វា​នឹង​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​បង្កើន​វិស័យ​ផលិតភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទូទាត់​សម្រាប់​ការ​ធ្លាក់​ចុះ​វិស័យ​កាត់ដេរ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​បើ​វិស័យ​កាត់ដេរ​របស់​អ្នក​មាន​ដំណើរការ​យឺត អ្នក​នឹង​មើលឃើញ​ផលប៉ះពាល់​អវិជ្ជមាន​ដ៏សំខាន់​លើ​សេដ្ឋកិច្ច​កាន់តែ​ធំ​»​។

លោក Miguel Eduardo Sanchez Martin សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​សម្រាប់​ធនាគារពិភពលោក​នៅ​កម្ពុជា​បាន​បន្ថែម​ថា​មាន​សញ្ញា​ដែល​ថា​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​យ៉ាង​យឺត​លើ​ការ​នាំ​ចេញ​របស់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​ដំណឹង​ល្អ​គឺ​ថា​មាន​សញ្ញា​នៃ​ការ​ធ្វើ​ពិពិធកម្ម​ការ​នាំ​ចេញ​​ជាមួយ​ផលិតផល​ថ្មីៗ​ដែល​​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា​ដែល​រួមមាន​គ្រឿង​បន្លាស់​រថយន្ត ទូរទស្សន៍ កង់ និង​ឧបករណ៍​អគ្គិសនី​តូចៗ​មួយ​ចំនួន​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​អ្វី​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ការងារ​គឺ​ការ​រក្សា​ការ​ប្រកួត​ប្រជែង និង​ការ​បន្ទាប​តម្លៃ​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​សម្រាប់​វិនិយោគិន​ថ្មីៗ​»៕  ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

Theme images by Petrovich9. Powered by Blogger.